Kandal Province, 08301 Cambodia   |   info@cpcambodia.com.kh

វិធីសាស្រ្តការពារជំងឺ​​ប៉េស្តជ្រូកអាហ្រ្វិក

ជំងឺ​ប៉េស្តជ្រូកអាហ្រ្វិក(African Swine Fever) គឺ​ជាជំងឺឆ្លងយ៉ាងសាហាវ ដែលបង្កដោយវីរុសលើសត្វជ្រូកប៉ុន្តែមិនឆ្លងដល់មនុស្សទេ។​ ជំងឺនេះអាចបង្ក​បញ្ហាយ៉ាងធ្ងន់ធ្ងរដល់សុខភាពសត្វ ដែល​មាន​អត្រាងាប់រហូតដល់ ១០០% និងអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។ ជំងឺប៉េស្តជ្រូកអាហ្រ្វិក​​ក៏ស្ថិតក្នុងបញ្ជីជំងឺឆ្លងរបស់អង្គការសុខភាពសត្វពិភពលោក​ផងដែរ ដោយសាតែជំងឺនេះនៅមិនទាន់មានថ្នាំឬ​វ៉ាក់សាំងការពារនៅឡើយទេ។ ដូច្នេះវិធានការការពារគឺពិតជាវិធានការដ៍សំខាន់ដែលមិនអាចខ្វះបានឡើយសម្រាប់កសិករចិញ្ចឹមជ្រូក ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

បើនិយាយដល់ការចិញ្ចឹមជ្រូកប្រព័ន្ធការពារសុវត្តិភាពការពារជំងឺឆ្លង​ឬ​ប្រព័ន្ធការពារជីវសុវត្ថិភាពគឺជា កត្តាដំបូងដែលក្រុមហ៊ុនស៊ី.ភី.ខេមបូឌាប្រកាន់ភ្ជាប់នៅក្នុងគ្រប់កសិដ្ឋាន​ចិញ្ចឹមសត្វរបស់ខ្លួននិងកសិដ្ឋានចិញ្ចឹមសត្វសហការជាមួយដៃគូរបស់ក្រុមហ៊ុនដើម្បី​ធានាឲ្យបាននៅគុណភាពនិង​សុវត្ថិភាព​របស់ សត្វព្រមទាំង​ការពារនូវការខាតបង់ជាយថាហេតុដែរបង្កឡើងដោយការឆ្លងជំងឺ​នៅក្នុងកសិដ្ឋាននីមួយៗ

  1. ក្នុងករណីមានការសង្ស័យថា​មានជ្រូកឆ្លងជំងឺ តើយើងត្រូវអនុវត្តវិធានការដូចម្តេច?

ប្រសិនបើមានការកើតឡើង​ករណីផ្ទុះការឆ្លងរីករាលដាល​ជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅ​ក្នុងតំបន់​ចិញ្ចឹម ដំណោះស្រាយដំបូងគឺ៖

  • ត្រូវ​ធ្វើការរឹតបន្តឹងវិធានការការពារជីវសុវត្តិភាពនៅក្នុងកសិដ្ឋានឲ្យកាន់ខ្លាំងដូចជា បញ្ឈប់ការធ្វើចរាចរណ៍សត្វរហូតមានការបញ្ជាក់ថាមានសុវត្ថិភាព។ 
  • ត្រូវធ្វើការផ្តល់ដំណឹងដល់​ពេទ្យសត្វ ភ្នាក់ងារសុខភាពសត្វ អ្នកគ្រប់គ្រងដែលពាក់ព័ន្ធ។ 
  • ត្រូវ​​បង្ខាំងសត្វឈឺទុក​ដាក់​ដោយឡែក បូមឈាម ឬវះកាត់យកកូនកណ្តុរបញ្ជូនទៅកាន់មន្ទីពិសោធន៍ ដោយ​ត្រូវប្រាកដថា ការយក​និងដឹកជញ្ជូនសំណាកត្រូវធានាសុវត្ថិភាពជៀសវាងការសាយភាយជំងឺ 
  • បើ​លទ្ធផលវិជ្ជមាន ត្រូវសម្លាប់ជ្រូកចោលទាំងអស់។
  1. តើយើងមានវិធានការការពារដូចម្តេចខ្លះ ដើម្បី​ជៀសផុតពីជំងឺនេះ?

ត្រូវ​ការពារការសាយភាយជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក ដោយ​ត្រូវធ្វើការកាត់ផ្តាច់ផ្លូវចម្លង​របស់វីរុស តាមរយៈ​ការ​អនុវត្តវិធានការជីវសុវត្ថិភាពឲ្យបានល្អដូចជា៖

– ការពារការ​ចម្លងដោយផ្ទាល់ពីជ្រូកឈឺ ឬ​ជ្រូកដែលសង្ស័យ

    • ញែកជ្រូកឈឺដាក់​ដោយឡែកពីជ្រូកជា។
    • ដាក់ជ្រូកនាំចូលថ្មីនៅរោងបង្ខាំងយ៉ាងតិច​​ក្នុង​រយៈពេល​ពី ២១-៣០ ថ្ងៃ ដើម្បីតាមដានសុខភាព។

ការពារការចម្លងដោយប្រយោល

    • មិនត្រូវផ្តល់ចំណីដែលជាកាកសំណល់ផ្ទះបាយ និង​ផលិតផលមានដើមកំណើតពីសាច់សត្វ​ឲ្យ​ជ្រូកស៊ីឡើយ  (ត្រូវប្រើចំណីពីរោងចក្រផលិតចំណីសត្វដែលមានស្តង់ដារ)។
    • ធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ (លាយថ្នាំ​តាមការណែនាំ ឲ្យ​បានត្រឹមត្រូវ) លើយានជំនិះ សម្ភារ​ប្រើប្រាស់ ស្បែកជើង សម្លៀក​​បំពាក់។ កម្មករត្រូវងូតទឹក​សំអាតខ្លួន និងសក់ជា​មួយសាប៊ូ ហើយ​ជៀសវាងការប្រើប្រាស់ទឹកដែល​មានប្រភពពីខាងក្រៅ។ ត្រូវប្រើក្លរីន ១០០% ។
    • ធ្វើការគ្រប់គ្រងកាក់សំណល់លាមក និងសាកសពសត្វឲ្យ​បានត្រឹមត្រូវ។
    • ធ្វើការគ្រប់គ្រងសត្វដូចជា រុយ មូស ឬ សត្វកកេរ ដែលជាភ្នាក់ងារចម្លង​ជំងឺ ដោយប្រើ ស្បៃមុង និងថ្នាំសម្លាប់រុយ សត្វកកេរ។
    • ត្រូវហាមឃាត់ការប៉ះពាល់ជាមួយជ្រូក ៤៨​ម៉ោង បន្ទាប់ពីត្រលប់ចូលក្នុងកសិដ្ឋាន។
    • ធ្វើការអប់រំដល់ម្ចាស់កសិដ្ឋាន និង​កម្មករ​អំពីវិធានការការពារ​ជំងឺ។

ឯកសារយោង ៖

  1. អគ្គនាយដ្ឋាន សុខភាពសត្វ និង​​ផលិតកម្មសត្វ​ស្តីពី​ស្ថានភាពជំងឺ និង​យុទ្ធសាស្រ្តក្នុង​ការឆ្លើយតបការរាលដាលជំងឺ (ថ្ងៃទី​១១ ខែ​កក្តដា ២០១៩)
  2. Food and Agriculture Organization of the United Nations (African Swine Fever Detection and diagnosis, A manual for veterinarians 2017)