ជម្ងឺប៉េស្ដជ្រូកអាហ្រ្វិក

ជម្ងឺប៉េស្ដជ្រូកអាហ្រ្វិក ឬផ្តាសាយជ្រូកអាហ្រ្វិក (African Swine Fever) គឺជាជម្ងឺសត្វជ្រូកដែលឆ្លងខ្លាំងបំផុតដែលបង្កឡើងដោយវីរុស Asfivirus ក្នុងគ្រួសារ Asfarviridae ដែលអាចរស់នៅបានយូរក្នុងសាច់ជ្រូក ឬផលិតផលសាច់ជ្រូក និងនៅក្នុងបរិស្ថាន ប្រការនេះធ្វើអោយមានការចម្លងជម្ងឺទៅតំបន់ថ្មីទៀតបានយ៉ាងឆាប់រហ័ស និងធ្វើឲ្យមហន្តរាយដល់ ឧស្សាហកម្មសាច់ជ្រូកប្រសិនបើជម្ងឺនេះវាយលុក ប៉ុន្តែវាមិនបង្កជាបញ្ហាដល់សុខភាពមនុស្ស និងសុវត្ថិភាពចំណីអាហារទេ។ ក្នុងឆ្នាំ 1921 មានការរកឃើញដំបូងនៅប្រទេស Kenya ដែលជាហេតុហៅថា Afican Swine Fever និងបានបន្តរីករាលដាលនៅក្នុងក្រុមប្រទេសទ្វីបអាហ្វ្រិក អឺរ៉ុបខាង ទ្វីបអាស៊ី ប្រទេសរុស្សី ចិន ហើយបានរកឃើញនៅកម្ពុជាជាលើកដំបូងនៅខេត្តរតនគីរី នៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2019 ។ នាពេលបច្ចុប្បន្ននេះជម្ងឺប៉េស្ដជ្រូកអាហ្រ្វិកនៅពុំទាន់មានថ្នាំ ឬវ៉ាក់សាំងការពារនៅឡើយទេ ខណៈពេលដែលវីរុសចម្លងរោគនេះមានភាពធន់ខ្ពស់នៅក្នុងបរិស្ថាន ដែលអាចធ្វើការចម្លងយ៉ាងឆាប់រហ័សដល់សហគមន៍តាមរយៈការចម្លងផ្ទាល់រវាងជ្រូកស្រុកគ្រប់ប្រភេទ និងជ្រូកព្រៃ ឬការឆ្លងដោយប្រយោលតាមរយៈ សម្ភារៈបរិក្ខាមធ្យាបាយធ្វើដំណើរ ចំណីសត្វ កាកសំណល់អាហារដែលសាច់ជ្រូកមានមេរោគ មិនបានចម្អិនល្អ ខ្យល់ពីអាគារមួយទៅអាគារមួយ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ដែលមានមេរោគជាពិសេសនៅកន្លែងចិញ្ចឹមជ្រូកដែលមានជម្ងឺ ចំណែកឯជ្រូកដែលបានជាសះស្បើយហើយក៏នៅតែមានលទ្ធភាពចម្លងជម្ងឺបានផងដែរ ដែលអាចសម្លាប់ជ្រូកស្ទើរតែ ១០០ % ក្នុងករណីមានការឆ្លងជម្ងឺ ។ ដូច្នេះវិធានការបង្ការ គឺជាវិធានការដ៏ចាំបាច់បំផុតដើម្បីយកឈ្នះជម្ងឺឆ្លងប្រភេទនេះ។
រោគសញ្ញាជម្ងឺ (Clinical sign)

(វដ្ដជម្ងឺប៉េស្ដជ្រូកអាហ្រិក African swine fever)
រោគសញ្ញា ASF ចែកចេញជា៣ប្រភេទ
- ស្រួចស្រាល់ខ្លាំង: ងាប់ភ្លាមៗនិងមានស្លាកស្នាមតិចតួច
- ស្រួចស្រាល់: គ្រុនក្តៅខ្លាំង មិនសូវស៊ីចំណី ខ្សោយ ទ្រេតទ្រោត មានស្នាមអុតឈាមនៅលើស្បែក និងសរីរាងផ្សេងៗ ស្បែកមានឡើងពណ៌ស្វាយជាពិសេសត្រចៀក កន្ទុយ ជើង ភ្លៅ ទល់លាមក ឬ មានសញ្ញាលើពោះ រាគឈាម ពិបាកដកដង្ហើម ហៀរសំបោរ និង សញ្ញាសរសៃប្រសាទ។ ចំពោះជ្រូកផើម គឺជាញឹកញាប់រលូត (ពេលខ្លះជាសញ្ញាទី១នៃការផ្ទុះជម្ងឺ សត្វងាប់កើតឡើងពី ៣ ទៅ ៧ ថ្ងៃ។)
- មិនស្រួចស្រាល់: វាបង្កឡើងដោយវីរុសដែលមានសមត្ថភាពបង្ករោគសញ្ញាមធ្យម វាស្រដៀងនិងទម្រង់ស្រួចស្រាល់ដែរប៉ុន្តែមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ រលូត គ្រុនក្តៅ និងមានដាមឈាម។ ជ្រូកអាចងាប់ ឬ អាចជាក្នុងអំឡុងពេល ៤ អាទិត្យ។
ឯកសារយោង៖ អគ្គនាយដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ ស្តីពី ស្ថានភាពជំងឺ និង យុទ្ធសាស្រ្តក្នុងការឆ្លើយតបការរាលដាលជំងឺ ( ១១ ខែ កក្តដា ២០១៩ )